
ដាបឈួន មានកំណើតនៅ ខេត្ត កំពង់ធំ ឪពុកឈ្មោះ គឹម រាល ម្ដាយឈ្មោះ យឹម។ លោកគឹម រាល
និង យឹម មានកូន៧នាក់៖ គឹម ឈឿន (ប), គឹម ឈួន (ដាប ឈួន) (ប),គឹម ឈរ(ប), គឹម ស្ដើង
(ស) , គឹម សោម(ស) , គឹម ស្រី (ប) គឹមពៅ(ស្លាត ពៅ )(ប) ។ និយាយពី ប្រវត្តិរូបលោក គឹម
ឈួន ហៅ ដាប ឈួន ត្រូវនិយាយរំលឹកពី ផលពិបាក
និង សង្គ្រាមលោកលើកទី ២ នៅអាស៊ី។ ថៃ ដែលមាន នយោបាយ កាលានុវត្តភាព(OPPORTUNISTE) បានស្ថិតនៅជួរ ជប៉ុន ជាអ្នកឈ្នះនៅអាស៊ី
ដោយបង្ខំបារាំង ជាអ្នកអាណាព្យាបាលកម្ពុជា ចុះហត្ថលេខា លើសន្ធិសញ្ញា បារាំង-សៀម នៅតូក្យូ ថ្ងៃទី៩ឧសភា ១៩៤១
ប្រគល់ឲ្យថៃ ខេត្តខ្មែរ៖ ខេត្តបាត់ដំបង, ខេត្សៀមរាប.លើកលែងតែតំបន់ជុំវិញអង្គរ)និងខេត្តស្ទឹងត្រែង។ ពេលដែលជប៉ុន
ចាញ់សង្គ្រាមទើបមានដំណោះស្រាយ បារាំង-សៀម ចុះហត្ថលេខា ថ្ងៃ១៧វិច្ឆិកា ១៩៤៦
ដោយថៃយល់ព្រមបង្វិលទឹកដីរបស់ខ្មែរខាងលើ មកឲ្យកម្ពុជាវិញ តែថៃរក្សា កងកម្លាំងថៃ
នៅប្រាសាទព្រះវិហារ។ ការកាន់កាប់ទឹកដីខ្មែរមួយរយៈពេលនេះ ថៃបានប្រើឥទ្ធិពល
របស់ខ្លួនមកលើកម្ពុជា ផ្នែកនយោបាយ
និងហិរញ្ញវត្ថុ។ លោក គឹម ឈួន ហៅ ដាប ឈួន ជាពលបាលត្រីទ័ពថៃ
តែបានបោះបង់ដំណែងនេះនៅឆ្នាំ ១៩៤៤។ ឆ្លៀតពេលដែលបារាំងទន់ដៃ នៅអាស៊ី ចលនាទាមទាឯករាជ្យពីបារាំង
ក៏លេចរូបរាងឡើង នៅ ឥណ្ឌូចិន។ ចលនានេះ កើតដំបូងបង្អស់នៅស្រុកយួន មានឈ្មោះថា វៀតមិញ
បង្កើតដោយ ហូ ជីមិញ តាំងពីឆ្នាំ ១៩៣០
នៅស្រុកខ្មែរចលនាទាមទារឯករាជ្យពីបារាំង មានឈ្មោះថា ឥស្សរៈ។👽
ឥស្សរៈមានន័យថា «ធំ មិនចំណុះ សេរី
ស្មោះត្រង់» នៅឆ្នាំ១៩៤៥-៤៦ ។ អាចរាប់ឈ្មោះជាខ្មែរឥស្សរៈនេះដំបូងបង្អស់គឺ ៖ ហែម សាវ៉ាង, ហែម សាវ៉ាត,សារូ,នរោត្តម
ចន្ទរង្សី, ឈាង ,ចាន់ តោត្រេស, ផន ស៊ី, រស់ យឿន, ហ៊ូ អ៊ុកសាន, ខាន់ពុំ,ផុក នី, កែវ
តក់, ដាប ឈួន, ស៊ីវ ហេង, មូល សម្បត្តិ, អាចា្យប្រេស,អាចារ្យ មាន, ប៉ុង ភឿក។
ចលនានេះរួមប្រជុំមនុស្សមាននិន្នាការនយោបាយខុសៗពីគ្នា បញ្ជាក់អោយដឹងថា
មិនមែនឯករាជ្យ ដូចដែលមាននិយមន័យខាងលើឡើយ។ ចលនានេះទទូលធនធានហិរញ្ញវត្ថុពីថៃ
និងទទូលធនធាន ហិរញ្ញវត្ថុ និងមនោគមវិជ្ជា ពីវៀតមិញ
ទទូលអំណោយរៃអង្គាស់បានពីអ្នកស្រែចំការ ពីការលួចប្លន់ពីមជ្ឈដ្ឋានអ្នកធូរធាជាដើម។ខ្មែរ
ឥស្សរៈមានចំនួន៣០០នាក់ បានបញ្ចេញឥទ្ធិឫទ្ធិលើកទី១របស់ខ្លួននៅថ្ងៃទី ៧ សីហា ១៩៤៦ ដឹកនាំដោយ ដាប ឈួន
វាងបារាំងនៅក្រុង សៀមរាប-អង្គរ។ ក្នុងការវាយកាន់កាប់ ក្នុងនេះ ដែលមានក្រុម នរោត្តម
ចន្ទរង្សី,សឺង ង៉ុកមិញ ចូលរួមផង បានវាយកាន់ក្ដាប់សៀមរាប-អង្គរ ចំនួន៦ថ្ងៃ
សម្លាប់បាននាយទាហានបារាំង ៧នាក់។ ហែម សាវ៉ាត បានស្លាប់នៅលើទីកន្លែង ។ដាប ឈួន
បន្ទាប់ពីប្រមូល អាវុធ ស្បៀង គ្រាប់រំសេវ ដែលជាជ័យភ័ណ្ឌសង្គ្រាម
បានមួយចំនួនរួចហើយក៏ដកខ្លួនថយជាមួយក្រុមខ្លួន នៅម្ដុំភ្នំគូលែន។ ក្រុមទ្រង់
ច័ន្ទរង្សី ដកខ្លួនមកបាត់ដំបង ដែលពេលមកដល់បាត់ដំបង រស់ យឿន និង បូរិន បានត្រូវទ័ពថៃចាប់បាន
ហើយបានបាញ់សម្លាប់ពេលនៅ ប៉ោយប៉ែត
ខ្មែរឥ្សរៈមួយចំនួនទៀតបានត្រូវបារាំងចាប់បាននិងសម្លាប់ចោល។ បន្តមកទៀត
ដោយសារការចរចា ដាប ឈួន បានដាក់អាវុធ ចុះចូលមករាជរដ្ឋាភិបាល នៅថ្ងៃទី ១តុលា ១៩៤៨
តែគាត់នៅតែ រក្សារអំណាចដូច ស្ដេចត្រាញ់ ត្រួតត្រាទឹកដីមួយផ្នែកធំ ប៉ែកខាងជើងប្រទេស។
នៅឆ្នាំ១៩៤៩ ស្ដេចនរោត្តម សីហនុ បានប្រគល់តំបន់យោធាស្វ័យ័តសៀមរាបអោយគាត់។ នៅឆ្នាំ
១៩៥២ ដាបឈួនបានចូលរួមយ៉ាងសកម្មជាមួយស្ដេច
ក្នុងប្រត្តិបត្តិការយោធាកំចាត់ពួកបះបោរ។ ទ្រង់ ចន្ទរង្សី
បានចុះចូលមករាជ្យរដ្ឋាភិបាល ថ្ងៃ២០ កុម្ភៈ ១៩៥៤។ ក្នុងពេលចុះហត្ថលេខា
សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ក្នុងគណៈប្រតិភូយោធាខ្មែរមាន ឧត្ដម សេនីយ ញ៉ឹក ជូឡុង
(ឧត្ដមសេនីយ ខ្មែរទី១)ជាប្រធាន និង សមាជិកមាន ដាប ឈួន ពុត ឆាយ, នរោត្តម ចន្ទរង្សី ចូលរួមផងនោះ ជាគណៈប្រតិភូប្រឆាំងនឹងការបែងចែកទឹកដីកម្ពុជា
ទល់នឹងគណៈប្រតិភូម្ខាងទៀតគាំទ្រដោយ វៀតមិញ ផាំ វ៉ាន់ដុង គឺ ក្រុមសឺង ង៉ុកមិញ
មានសមាជិក កែវ មុនី, ម៉ី ផូ ក្រុមនេះអះអាងថាខ្លួនកាន់កាប់ទឹកដីខ្មែរ
១/៣។សន្និសីទនេះបានបញ្ចប់ដោយគ្មានបែងចែកទឹកដីឡើយ។

នៅឆ្នាំ១៩៥៥ ដាប ឈួន បានសម្លាប់កៅតក់
អតីតខ្មែរឥស្សរៈដូចគ្នា ពេលឃោសនាបោះឆ្នោតជា បេក្ខជនតំណាងរាស្ត្រមណ្ឌលក្រឡាញ់-ពួក។ កៅតក់ជាឪពុកក្មេក លោក ហង្សធុនហាក់។
នៅឆ្នាំ១៩៥៦ សម្តេច សីហនុ បានដែងតាំង ដាប ឈួន ជាចៅហ្វាយខេត្តសៀមរាប ពេលនោះ ដាប ឈួន
បានឲ្យគេហៅខ្លួនថា « ឈួន ម្ជុលពេជ្រ» ។ សម្ដេច សីហនុ បានតែងតាំង ដាប ឈួន
ជាទេសរដ្ឋមន្ត្រី ទទូលបន្ទុក សន្តិសុខជាតិ និង ធម្មការ ពីថ្ងៃ ៩ មេសា ១៩៥៧ ដល់
ថ្ងៃទី ២៦ កក្កដា ១៩៥៧។ គាត់ជាមនុស្សឃោរឃៅ
ត្រួតត្រាខេត្តសៀមរាប កំពង់ធំ ប្រៀបដូចជា តំបន់ស្វយ័តរបស់គាត់។ នៅឥណ្ឌូចិន
ទសវត្សទី៥០ ជាទសវត្សសង្គ្រាមត្រជាក់ រវាង ប្លុកសេរី និងប្លុកកុម្មុយនិស្ត។
តាមសៀវភៅសម្តេច ន.សីហនុ១៩៧៣ LA CIA CONTRE LE CAMBODGE ដាបឈួនជាជនក្បត់ជាតិ
ត្រូវបានកូនទាហានរបស់ខ្លួនបាញ់សម្លាប់នៅថ្ងៃទី ២១កុម្ភៈ ១៩៥៩។
គម្រោងរួមគំនិតក្បត់នេះ ត្រូវបានលោក PIERRE GORCE អគ្គរដ្ឋទូតបារាំងនៅភ្នំពេញ
បានថ្វាយដំណឹងទៅ សម្តេច សីហនុ ឲ្យដឹង។ ពេលដែលឆែកឆេរលំនៅដ្ឋាន មានឃើញមាស ២៧០គ.ក្រ ជាតម្លៃក្បត់ជាតិ
ដែល សេអ៊ីអា បានផ្ដល់ឲ្យគាត់តាមរយៈបុគ្គលិកទូតយួនខាងត្បូងនៅភ្នំពេញ ឈ្មោះ ង៉ោ
ទ្រុងហ៊ាវ។ ប្រពន្ធទី១របស់ ដាប ឈួន ឈ្មោះ
តាំង អ៊ឹម ដែល ដាប ឈួន ដាក់គុកក្នុងទ្រុង បានស្លាប់១អាទិត្យក្រោយមក«
ដោយសារគេបំពុល» (តាមព្រះបន្ទូល សម្តេច សីហនុ)
ប្រវត្តដាបឈួន ដកស្រង់ពី សៀវភៅ ប្រវត្តិសាស្ត្រកម្ពុជា
និងវរជនខ្មែរ របស់លោក សាគួ សាម៉ុត(ទំព័រ ទី១៩១)
0 comments:
Post a Comment