Sunday, March 20, 2016
Home »
ព័ត៌មានសង្គម
» កម្មករដកដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិចនៅខេត្តពោធិ៍សាត់ ត្អូញត្អែរមិនទាន់បានបើកប្រាក់ឈ្នួល
កម្មករដកដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិចនៅខេត្តពោធិ៍សាត់ ត្អូញត្អែរមិនទាន់បានបើកប្រាក់ឈ្នួល
កម្មករគាស់ដំឡូងមីចំនួន ២២នាក់នៅការដ្ឋានទី១៤ នៃក្រុមហ៊ុនចិន ភាពីម៉ិច (Pheapimex) នា ខេត្តពោធិ៍សាត់ ទាមទារឲ្យមេការជនជាតិចិន បើកប្រាក់ខែ ដើម្បីសងបំណុលធនាគារ និងទិញអង្ករ
ហូបចុកប្រចាំថ្ងៃ។ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានចុះអង្កេតករណីនេះរកឃើញថា ក្រៅពីបញ្ហាប្រាក់ខែ កម្មករខ្លះប្រឈមនឹងការដាច់ស្បៀង និងទឹកប្រើប្រាស់។
កម្មករគាស់ដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិច ជាច្រើនក្រុម ត្អូញត្អែរពីបញ្ហាប្រាក់ឈ្នួលដែលយឺតយ៉ាវអស់រយៈពេល ៣ខែហើយ និងអ្នកខ្លះបោះបង់ការងាររបស់ខ្លួន រួចត្រឡប់ទៅផ្ទះវិញដោយគ្មានប្រាក់។
កម្មករម្នាក់ក្នុងចំណោម ២២នាក់ ដែលនាំគ្នាទាំងគ្រួសារមកពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើជាកម្មករឲ្យក្រុមហ៊ុនភាពីម៉ិច គឺលោក ទក់ ពេជ្រ។ លោកឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថា ពួកគាត់ចំនួន ៧គ្រួសារ បានម៉ៅគាស់ដំឡូងដាក់ឡានឲ្យក្រុមហ៊ុនជាច្រើនហិកតារ ដែលស្មើនឹងលុយ ៩លានរៀល តាំងពីដើមឆ្នាំ២០១៦ ប៉ុន្តែមេការកុហកមិនបើកលុយឲ្យ ខុសពីការសន្យាថានឹងបើកឲ្យក្នុងរយៈពេលកន្លះខែម្ដង៖ «យ៉ាប់យ៉ឺនមែនទែនហើយបងអើយ! សូម្បី តែអង្ករក៏អត់ លុយក៏ទៅទៀត។ នៅមនុស្សទាំងអស់ត្រង់ហ្នឹងទៅផ្ទះក៏ទៅអត់រួចដែរ នៅគាំងហ្នឹងហើយ។ ចង់ទៅផ្ទះមួយសាសិន ព្រោះធ្វើការនៅហ្នឹងអត់បានលុយដដែល»។
ក្រុមកម្មករបញ្ជាក់ស្រដៀងគ្នាថា ពលរដ្ឋដែលមានបំណុលនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវគេរឹបអូសយកដីស្រែចម្ការ ព្រោះពុំមានលុយបង់ការប្រាក់ឲ្យគ្រឹះស្ថានទាំងនោះ។ ពួកគាត់ថានៅតស៊ូស្នាក់នៅក្នុងការដ្ឋាន និងធ្វើការបណ្ដើរៗ ក្រែងមេការចិន បើកប្រាក់ខែឲ្យខ្លះ ខណៈដែលកម្មករជាង ១០នាក់ បានទូរស័ព្ទទៅក្រុមគ្រួសារឲ្យផ្ញើលុយដើម្បីធ្វើសោហ៊ុយត្រឡប់ទៅ ផ្ទះវិញ។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនភាពីម៉ិច ដើម្បីឆ្លើយតបនឹងបញ្ហាយឺតយ៉ាវរឿងប្រាក់ឈ្នួលកម្មករនេះបានទេ នៅថ្ងៃទី១៩ ខែមីនា។
ចំណែកអនុប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ លោក កុល ប៊ុនធឿន បដិសេធថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លោកថា កន្លងទៅ កម្មករស៊ីប្រាក់ខែពុំមានបញ្ហាដូចពលរដ្ឋនាំគ្នាជាក្រុមៗទៅ ម៉ៅការគាស់ដំឡូងនោះទេ៖ «ខ្ញុំគិតថា លក្ខណៈម៉ៅការអ៊ីចឹងដូចអត់ទេ (មិនអាចអាក់ខានបើកប្រាក់ឈ្នួល) ព្រោះ កាលណាចប់ការងារហ្នឹង គាត់ត្រូវតែបានប្រាក់ឈ្នួលហ្នឹងម៉ង ព្រោះភាគច្រើន គឺអ៊ីចឹង ដូចជានៅឃុំព្រងិល គេធ្វើអ៊ីចឹង»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្ត ពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា ទង្វើរបស់មេការជនជាតិចិន របស់ក្រុមហ៊ុន បានរំលោភសិទ្ធិ និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពលរដ្ឋក្រីក្រ។ លោកថា នឹងធ្វើលិខិតមួយច្បាប់ទៅមន្ទីរការងារ ដើម្បីអន្តរាគមន៍រឿងប្រាក់ឈ្នួលនេះ បើការបង្ហោះសារទាក់ទងបញ្ហានេះទៅគណនេយ្យហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន មិនទទួលបានផល៖ «ស្ថានភាព របស់ពួកគាត់រាល់ថ្ងៃអាចរស់នៅត្រង់ហ្នឹងបាន តាមរយៈអ្នកភូមិជិតខាងឲ្យអង្ករ ឬបាយហូប និងអ្នកខ្លះហូបដំឡូង ហើយគាត់មិនទៅដើរសុំទានគេទេ សុខចិត្ដមកធ្វើការងារនៅទីនេះ ប៉ុន្តែចុងបញ្ចប់ ខាងក្រុមហ៊ុនចិន មិនបានបើកលុយគាត់ទេ»។
ក្រុមហ៊ុនភាពីម៉ិច ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លើទំហំដីសរុបជាង ៣១ម៉ឺន ៥ពាន់ហិកតារ (៣១៥.០២៨ហិកតារ) ដើម្បីដាំដំឡូងមី។
តំណាងសហគមន៍ និងកម្មករខ្លះឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនទំនងជាក្ស័យធន ដោយផ្ទៃដីដែលធ្លាប់ដាំដំឡូងរាល់ឆ្នាំនោះ នៅផ្នែកខ្លះបានផ្អាក និងបញ្ហាប្រាក់ឈ្នួលកម្មករចេះតែកើតមាន៕
---------------------------------------------------------------------------------------------------------------------------
--អត្ថបទដកស្រង់ពី RFA Khmer --
0 comments:
Post a Comment