![]() |
| ប៉ុលពតឡើងធ្វើជាលេខាបក្សកុម្មុយនិស្តកម្ពុជា |
ក្រោយពីរដ្ឋាភិបាលផ្តាច់អាហារូបករណ៍ សាឡុត ស បានវិលត្រឡប់ពីប្រទេសបារាំង មកកម្ពុជាវិញ ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តកម្ពុជា ដែលពេលនោះ មានឈ្មោះថា បក្ស
ប្រជាជនបដិវត្តន៍ខ្មែរ។ក្រោយពី ពួកកុម្មុយនិស្តបានទទួលបរាជ័យ ក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥ សាឡុត ស ត្រូវស្ថិតក្នុងសភាពតែលតោល គ្មានការងារធ្វើពិតប្រាកដ។ សាឡុត ស ក៏បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយ ស្ថិតក្នុងក្រុងភ្នំពេញ ឈ្មោះ “វិទ្យាល័យចម្រើនវិជ្ជា”។ នៅទីនោះ សាឡុត ស បង្រៀនភាសាបារាំង ប្រវត្តិសាស្រ្ត ភូមិវិទ្យា និងសីលធម៌។
ប្រជាជនបដិវត្តន៍ខ្មែរ។ក្រោយពី ពួកកុម្មុយនិស្តបានទទួលបរាជ័យ ក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥ សាឡុត ស ត្រូវស្ថិតក្នុងសភាពតែលតោល គ្មានការងារធ្វើពិតប្រាកដ។ សាឡុត ស ក៏បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយ ស្ថិតក្នុងក្រុងភ្នំពេញ ឈ្មោះ “វិទ្យាល័យចម្រើនវិជ្ជា”។ នៅទីនោះ សាឡុត ស បង្រៀនភាសាបារាំង ប្រវត្តិសាស្រ្ត ភូមិវិទ្យា និងសីលធម៌។
សិស្សមួយចំនួន ដែលធ្លាប់រៀនជាមួយ សាឡុត ស បានរៀបរាប់ឲ្យដឹងថា សាឡុត ស គឺជាគ្រូបង្រៀនម្នាក់ប្រកបដោយគរុកោសល្យ មានចរិតទន់ភ្លន់ មិនឆេវឆាវ និងពូកែនិយាយ។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់អាចដឹងបានទេថា តើនោះគឺជាអត្តចរិតពីធម្មជាតិ ឬមួយក៏គ្រាន់តែជារូបភាពខាងក្រៅ ដែល សាឡុត ស ខំបញ្ចេញឲ្យឃើញ ដើម្បីទាក់ទាញកូនសិស្សឲ្យស្រឡាញ់ចូលចិត្ត។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦ សាឡុត ស បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី។ នៅពេលនោះ ខៀវ ប៉ុណ្ណារី មានអាយុ៣៦ឆ្នាំ បង សាឡុត ស ដល់ទៅ៥ឆ្នាំ។ ខៀវ ប៉ុណ្ណារី គឺជាបងស្រីរបស់ ខៀវ ធីរិទ្ធិ ប្រពន្ធរបស់ អៀង សារី។ សាឡុត ស និង ខៀវ ប៉ុណ្ណារី បានស្គាល់គ្នាតាំងពីកាលរៀននៅប្រទេសបារាំងមកម្ល៉េះ។ ក្រោយពីបានវិលត្រឡប់ពីប្រទេសបារាំងវិញ កាលពីឆ្នាំ១៩៥១ ខៀវ ប៉ុណ្ណារី បានទៅធ្វើជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តនៅវិទ្យាល័យស៊ីសុវត្ថិ។
ក្រោយពីរៀបការហើយ សាឡុត ស បានទៅនៅផ្ទះខាងប្រពន្ធ ដែលស្ថិតនៅខាងក្រោយព្រះបរមរាជវាំង។ ក្រោយពី អៀង សារី និង អៀង ធីរិទ្ធិ ជាភរិយាវិលត្រឡប់ពីប្រទេសបារាំងវិញ នៅឆ្នាំ១៩៥៧ អ្នកទាំងពីរក៏បានទៅរស់នៅក្នុងផ្ទះជាមួយគ្នានឹងប្តីប្រពន្ធ សាឡុត ស ដែរ។ ប្តីប្រពន្ធទាំងពីរគូនេះសុទ្ធតែជាគ្រូបង្រៀនដូចគ្នា។ អៀង សារី ជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយទៀត ដែលមានឈ្មោះថា “កម្ពុជបុត្រ”។ នៅពេលនោះ សាឡុត ស និង អៀង សារី បានបន្តធ្វើការដោយសម្ងាត់ជាមួយពួកកុម្មុយនិស្ត។ ក្រៅពីឃោសនាបំពាក់បំប៉នមនោគមន៍វិជ្ជាកុម្មុយនិស្តដល់សិស្ស ដែលរៀនជាមួយខ្លួន សាឡុត ស បន្តធ្វើការជាជំនួយការផ្ទាល់របស់ ទូ សាមុត អនុប្រធានបក្សប្រជាជនបដិវត្តន៍ខ្មែរ ទទួលបន្ទុកគ្រប់គ្រងបណ្តាញកុម្មុយនិស្តក្នុងក្រុងភ្នំពេញ។ មកទល់ពេលនោះ សាឡុត ស គ្រាន់តែជាសមាជិកសាមញ្ញម្នាក់ប៉ុណ្ណោះរបស់បក្ស។
នៅក្នុង ការបោះឆ្នោតជាតិឆ្នាំ១៩៥៨ បក្សកុម្មុយនិស្តក៏បានទទួលបរាជ័យជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ ជនកុម្មុយនិស្តពីររូប គឺ ហ៊ូ នឹម និង ហ៊ូ យន់ ដែលធ្លាប់រៀនជាមួយសាឡុត ស នៅវិទ្យាល័យកំពង់ចាម បានជាប់ឆ្នោតជាតំណាងរាស្រ្តក្រោមឈ្មោះចលនាសង្គមរាស្រ្តនិយមរបស់ សម្តេច នរោត្តម សីហនុ។នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រោម ការរៀបចំ ចាត់ចែងរបស់ ជួន ប្រាសិទ្ធិ ដែលធ្វើការនៅអយស្ម័យយានក្រុងភ្នំពេញ បក្សប្រជាជនបដិវត្តន៍ខ្មែរបានរៀបចំធ្វើមហាសន្និបាតបក្សដោយសម្ងាត់ នៅក្នុងបរិវេណស្ថានីយ៍រថភ្លើង។ នៅក្នុងមហាសន្និបាតនេះ ថ្នាក់ដឹកនាំបក្សបានសម្រេចប្តូរឈ្មោះបក្សមកជា “បក្សពលករកម្ពុជា” វិញ។ ទូ សាមុត ត្រូវបានបោះឆ្នោតឲ្យធ្វើជាលេខាបក្សជំនួស សៀវ ហេង ដែលបានផ្តាច់ខ្លួនទៅចុះចូលជាមួយសម្តេច នរោត្តម សីហនុ កាលពីឆ្នាំ១៩៥៩។ នួន ជា បានជាប់ឆ្នោតជាអនុលេខាបក្ស។ ចំណែក សាឡុត ស និង អៀង សារី ក៏បានក្លាយជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
ចំណែក សឺន ង៉ុកមិញ ដែលគេតែងតែចាត់ទុកថាជាប្រមុខដឹកនាំបក្សប្រជាជនបដិវត្តន៍ខ្មែរនោះ មានតំណែងត្រឹមតែជានិមិត្តរូបប៉ុណ្ណោះក្នុងបក្សថ្មីនេះ តែគ្មានអំណាចសម្រេចអ្វីពិតប្រាកដនោះទេ ព្រោះពេលនោះ សឺន ង៉ុកមិញ មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ គឺនៅប្រទេសវៀតណាមឯណោះ។
នៅពេលនោះ ក្នុងចំណោមថ្នាក់ដឹកនាំបក្ស មានតែ ទូ សាមុត ប៉ុណ្ណោះ ដែលជាអ្នកចាស់ទុំ។ ចំណែកឯ នួន ជា សាឡុត ស និង អៀង សារី វិញ សុទ្ធតែជាក្មេងជំនាន់ក្រោយ។ នៅពេលនោះ អ្នកទាំងបីនាក់នេះមានអាយុទើបតែជាង៣០ឆ្នាំប៉ុណ្ណោះ។ ប្រហែលជាមកពីការដែលពួកគេទទួលតំណែងសំខាន់ៗ នៅក្នុងបក្ស ទាំងនៅក្មេងបែបនេះហើយ បានជាធ្វើឲ្យពួកគេមានមោទនភាពលើខ្លួនឯងហួសហេតុ ហើយជឿថា ខ្លួនជាមនុស្សអស្ចារ្យ និងមានសមត្ថភាពខ្ពស់។
សាឡុត ស និងបក្សពួកតែងតែចាត់ទុកថា មហាសន្និបាត ឆ្នាំ១៩៦០នេះ ទើបជាការចាប់កំណើតពិតប្រាកដនៃបក្សកុម្មុយនិស្តកម្ពុជា មិនមែនសន្និបាតបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ កាលពីឆ្នាំ១៩៥១នោះទេ។ សូម្បីតែនៅក្នុងឯកសារប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមសរសេរដូចនេះដែរ ដើម្បីបង្ហាញថា បក្សកុម្មុយនិស្តកម្ពុជាមិនមែនជាសាខារបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ទេ ហើយក៏មិនស្ថិតក្រោមឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែរ។
ក៏ប៉ុន្តែ នេះគ្រាន់តែជាការអះអាងរបស់ពួក សាឡុត ស ប៉ុណ្ណោះ។ ឯធាតុពិត បក្សពលករកម្ពុជានៅពេលនោះនៅមិនទាន់កាត់ផ្តាច់ឥទ្ធិពលរបស់វៀតណាម នៅឡើយទេ។ ជាក់ស្តែង មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរត្រូវបានរៀបចំធ្វើឡើងតែ ប្រមាណពីរសប្តាហ៍ប៉ុណ្ណោះ ក្រោយមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម។ ម្យ៉ាងទៀត សូម្បីតែឈ្មោះបក្សពលករកម្ពុជា ដែលជាឈ្មោះថ្មីរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ក៏យកតាមឈ្មោះរបស់បក្សកុម្មុយនិស្តវៀតណាមដែរ ដែលពេលនោះមានឈ្មោះថា “បក្សពលករវៀតណាម”។
នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខាបក្សពលករកម្ពុជាបានបាត់ខ្លួនដោយមិនដឹងមូលហេតុពិតប្រាកដ។ យោងតាមសមាជិកបក្សពលករកម្ពុជា ទូ សាមុត ត្រូវបានប៉ូលិសរបស់សម្តេច នរោត្តម សីហនុ ចាប់ខ្លួនពីកន្លែង ដែលគាត់លាក់ខ្លួនហើយចងផ្អោបនឹងដុំថ្ម ទម្លាក់ទៅក្នុងទន្លេមេគង្គ។ ក៏ប៉ុន្តែ យោងតាមលោក Ben Kiernan សាឡុត ស មានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ ទូ សាមុត។
ក្រោយពី ទូ សាមុត បាត់ខ្លួន សាឡុត ស ដែលជាមេដឹកនាំលំដាប់ទីបី នៃបក្សពលករកម្ពុជា បានឡើងមកធ្វើជាលេខាបក្សស្តីទី រំលង នួន ជា ដែលជាអនុលេខា។
នៅក្នុងបទសម្ភាសន៍ជាមួយលោក Nate Thayor ប៉ុល ពត ឬ សាឡុត ស បានអះអាងថា គាត់ឡើងធ្វើជាលេខាបក្ស គឺដោយបង្ខំចិត្ត ព្រោះមិនមានអ្នកណាចង់ធ្វើ។ តាមពិត គាត់មិនចង់ធ្វើនោះទេ។ ក៏ប៉ុន្តែ ទាំងលោក Ben Kiernan លោក David Chandler និងលោក Raoul Jennar សុទ្ធតែ បានអះអាងថា សាឡុត ស បានប្រជែងជាមួយ នួន ជា និង សោ ភឹម ក្នុងការដណ្តើមតំណែងជាលេខាបក្ស។ ដូច្នេះ សាឡុត ស មិនមែនបង្ខំចិត្តធ្វើជាលេខាបក្ស ដោយសារតែមិនមានអ្នកណាផ្សេងចង់ធ្វើនោះទេ។
នៅ ក្នុងមហាសន្និបាត ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបានតែងតាំងជាលេខាបក្សជំនួស ទូ សាមុត។ នួន ជា នៅជាអនុលេខាបក្សដដែល។ ចំណែក អៀង សារី បានឡើងមកជាមេដឹកនាំលំដាប់ទីបី។ សមាជិកពីររូបទៀតនៃគណៈអចិន្ត្រៃយ៍បក្ស រួមមាន សោ ភឹម និង វ៉ន វ៉េត។ ចំណែក សុន សេន និង តាម៉ុក ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
បើយើង ពិនិត្យមើលទៅលើរចនាសម្ព័ន្ធថ្មីរបស់បក្សពលករកម្ពុជានៅពេលនោះ យើងអាចសង្កេតឃើញថា មេដឹកនាំកំពូលៗចំនួនបីរូប គឺ សាឡុត ស អៀង សារី និង សុន សេន សុទ្ធសឹងតែជាអតីតនិស្សិត ដែលបានទៅរៀននៅប្រទេសបារាំង។ ចំណែកក្រុមខ្មែរកុម្មុយនិស្ត ដែលស្និទ្ធនឹងវៀតណាម ត្រូវបានគេផាត់ចេញពីគណៈអចិន្រ្តៃយ៍។
នេះគឺជា របត់ដ៏សំខាន់មួយរវាងបក្សប្រជាជនបដិវត្តន៍ខ្មែរ (ដែលបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន) និងបក្សពលករកម្ពុជា ដែលក្រោយមកក្លាយជាបក្សកុម្មុយនិស្តកម្ពុជា ឬកម្ពុជាប្រជាធិបតេយ្យ។ គឺក្រុមមេដឹកនាំថ្មី ដែលកើតចេញពីមហាសន្និបាតខែកុម្ភៈ ឆ្នាំ១៩៦៣ នេះហើយ ដែលបានដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ឡើងកាន់អំណាច នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៦៣ ពីរសប្តាហ៍ក្រោយពីមហាសន្និបាតបក្សពលករកម្ពុជា លន់ នល់ បានដៅឈ្មោះមនុស្ស៣៤រូប ដែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយព្រឹត្តិការណ៍បះបោររបស់សិស្សវិទ្យាល័យ នៅខេត្តសៀមរាប កាលពីពាក់កណ្តាលខែកុម្ភៈ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ នៅក្នុងចំណោមមនុស្សទាំង៣៤នាក់នោះ ក៏មាន សាឡុត ស អៀង សារី និង សុន សេន ដែលជាមេដឹកនាំបក្សពលករកម្ពុជាផងដែរ។
សាឡុត ស និង អៀង សារី ក៏បានបោះបង់ចោលអាជីពជាគ្រូបង្រៀន ហើយរត់ចេញពីទីក្រុងភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃ ក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ កន្លែងនោះមានឈ្មោះសម្ងាត់ថា “មន្ទីរ១០០” ស្ថិតក្រោមការការពារពីសំណាក់ពួកកុម្មុយនិស្តវៀតណាម។
ចាប់ពីពេលនោះមក ឈ្មោះ សាឡុត ស ស្ទើរតែបានបាត់លែងឮគេប្រើ។ សាឡុត ស ប្រើតែឈ្មោះសម្ងាត់ ហើយឈប់ប្រើឈ្មោះពិត។ ចំណែកនៅក្នុងបក្សវិញ គេតែងតែហៅ សាឡុត ស ថា “បងលេខា” ឬ “បងទីមួយ” តៗគ្នារហូតមក។ ជីវិតរបស់ សាឡុត ស ដែលជាមនុស្សចូលចិត្តលាក់បាំងស្រាប់ផង ក៏កាន់តែស្ថិតក្នុងភាពអាថ៌កំបាំងថែមទៀត។
ការរស់នៅ លាក់ខ្លួនបែបនេះធ្វើឲ្យ សាឡុត ស និងមេដឹកនាំផ្សេងទៀតរបស់បក្សពលករកម្ពុជា ត្រូវបានកាត់ផ្តាច់ពីសភាពការណ៍ ដែលកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងនៅកន្លែងផ្សេងៗទៀត។ ព័ត៌មាន ដែល សាឡុត ស ទទួលបានម្តងម្កាលនោះ គឺបានតែតាមរយៈអ្នកនាំសារ ដែលគេហៅថា និរសារ ឬតាមរយៈវិទ្យុវៀតណាម និងចិនប៉ុណ្ណោះ។ ការកាត់ផ្តាច់ពីពិភពដទៃបែបនេះ ជាកត្តាមួយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តនានារបស់ សាឡុត ស។ ម្យ៉ាងទៀត ការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយបរទេសធ្វើឲ្យ សាឡុត ស ទទួលឥទ្ធិពលយ៉ាងខ្លាំងពីបរទេស ជាពិសេស ពីបដិវត្តន៍វប្បធម៌របស់ ម៉ៅ សេទុង នៅប្រទេសចិន។
យោងតាម ចម្លើយសារភាពរបស់អតីតសហការីមួយចំនួន ដែលធ្លាប់ធ្វើការជាមួយ សាឡុត ស នៅ មន្ទីរ១០០ ដូចជា ឈឹម សាមោក ជាដើម សាឡុត ស មិនមានសិទ្ធិសេរីភាពចេញចូលមន្ទីរ១០០ ស្រេចតែនឹងចិត្តនោះទេ ដរាបណាគ្មានការអនុញ្ញាតពីវៀតណាម។ សាឡុត ស នៅពេលនោះ មិនខុសពីចំណាប់ខ្មាំងរបស់វៀតណាមនោះទេ។
នៅក្នុងអំឡុងពេលនោះ សាឡុត ស មិនអាចធ្វើអ្វីបានជាដុំកំភួននោះទេ។ មហិច្ឆតាចង់ឡើងកាន់អំណាចនៅកម្ពុជាបានត្រឹមតែជាការស្រមៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការស្រមៃរបស់ សាឡុត ស បានកាន់តែខិតជិតក្លាយជាការពិត ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០៕







0 comments:
Post a Comment