ប្រភពដើម RFA
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ស្ថានភាពទឹកភ្លៀងនឹងកើនឡើងពីមធ្យមទៅច្រើននៅតាមតំបន់ខ្ពង់រាប និងវាលទំនាប ព្រមទាំងតំបន់សមុទ្រថែមទៀតផង។ ក្រសួងក៏បានប្រកាសឱ្យបណ្ដាខេត្តចំនួន ៧ នៅទូទាំងក្នុងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្ន ពីព្រោះវាអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី២៥ ខែកញ្ញា។ ចំណែកអាជ្ញាធរកំពង់ធំ និងកំពង់ចាម កំពុងយកចិត្តទុកដាក់លើបញ្ហាស្ថានភាពទឹកជំនន់តាមដងស្ទឹង និងតាមដងទន្លេមេគង្គ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសអំពីការព្យាករស្ថានភាពអាកាសធាតុកាលពីថ្ងៃទី ១៩ ខែកញ្ញា ឱ្យដឹងថា ខ្យល់មូសុងនិរតី បានបង្កើតឥទ្ធិពលមកលើឈូងសមុទ្រថៃ និងប្រទេសកម្ពុជា។
![]() |
ស្ថានភាពទឹកទន្លេមេគង្គ នាក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ |
នឹងរំកិលចុះមកភាគខាងត្បូង អូសកាត់លើប្រទេសកម្ពុជា ថែមទៀតផង។
លិខិតរបស់ក្រសួងធនធានទឹកបញ្ជាក់ថា មូលហេតុនេះហើយបណ្ដាលឱ្យតំបន់ខ្ពង់រាប និងវាលទំនាប ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយជាមួយបរិមាណទឹកភ្លៀងកើនឡើងពីមធ្យមទៅ ច្រើន។ ចំណែកតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនដូចគ្នាដែរ។ បញ្ហានេះ ក្រសួងស្នើឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបណ្ដាខេត្តចំនួន៧ រួមមានខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង រតនគិរី ខេត្តមណ្ឌលគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ច្រើន ហើយអាចបង្កជំនន់ទឹកភ្លៀង ពិសេសពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា។
ក្រៅពីខេត្តទាំង៧ នៅតាមតំបន់មាត់សមុទ្រផ្ទៃមេឃមានសភាពអួអាប់ ហើយមានរលកសមុទ្រកម្ពស់ពីកន្លះម៉ែត្រ ទៅ ១ម៉ែត្រកន្លះ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមួយចំនួន ដូចជាត្រៀមកម្លាំងសមត្ថកិច្ច ហើយណែនាំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកលើបញ្ហានេះ ស្វែងរកទីទួលសុវត្ថិភាពជូនពលរដ្ឋ និងផ្សព្វផ្សាយឱ្យពួកគាត់ដែលរស់នៅតាមដងស្ទឹងទាំងអស់ ពិសេសពលរដ្ឋរស់នៅតាមដងស្ទឹងសែន ប្រុងប្រយ័ត្នចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ។
លោកថា ស្ថានភាពជំនន់ទឹកភ្លៀងតាមស្ទឹងសែនកន្លងមក គឺទឹកបានកើនឡើងច្រើន ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ។ យ៉ាងនេះក្តី ប្រសិនបើដូចការព្យាកររបស់ក្រសួងធនធានទឹក ជំនន់ទឹកភ្លៀងនឹងបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅតាមបណ្ដាស្រុក មួយចំនួនជាប់ដងស្ទឹងសែន មិនខាន។ ចំណែកស្ទឹងផ្សេងទៀត មិនមានអ្វីគួរឱ្យបារម្ភឡើយ៖ «ប្រសិនបើដូចអ្វីដែលក្រសួងធនធាន ទឹក និងឧតុនិយមបានធ្វើការផ្សព្វផ្សាយមែន គឺថា យើងអាចខេត្តយើងអាចមានបញ្ហាច្រើនដែរ ដោយសារស្ទឹងសែនយើងនេះ ជាស្ទឹងដែលហូរដែលមានចម្ងាយឆ្ងាយ ដែលទទួលប្រភពទឹកមកពីខេត្តព្រះវិហារ និងផ្នែកខាងលើដែលជាប់ព្រំដែនឡាវ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អាជ្ញាធរខេត្តបានអំពាវនាវឱ្យពលរដ្ឋទាំងឡាយត្រៀមលក្ខណៈជាមុន និងប្រុងប្រយ័ត្នគ្រប់ពេលក្នុងអំឡុងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃទៅ មុខនេះ ពីព្រោះភ្លៀងធ្លាក់ក្នុងរដូវវស្សាអាចនឹងនាំមកជាមួយនូវខ្យល់ ព្យុះ ផ្គរ រន្ទះជាដើម។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម ដែលជាខេត្តនៅជាប់ដងទន្លេមេគង្គវិញ លោក ជីម លាវ មានប្រសាសន៍នៅថ្ងៃទី២០ ខែកញ្ញាថា កម្ពស់ទឹកទន្លេមេគង្គថ្ងៃនេះ គឺមានកម្ពស់ ១៣ម៉ែត្រ។ កម្រិតទឹកពេលនេះ គឺស្រកជិតកន្លះម៉ែត្របើប្រៀបធៀបទៅនឹងកម្រិតទឹកកាលពីសប្ដាហ៍ មុន។ យ៉ាងនេះក្តី កម្ពស់ទឹក ១៣ម៉ែត្រ គឺជាស្ថានភាពល្អ ដើម្បីបង្កភាពងាយស្រួលដល់បណ្ដាស្រុកមួយចំនួនជាប់ទន្លេមេគង្គ ដែលធ្វើឱ្យមានទឹកហូរចូលបឹងបួ ស្ទឹង ឬព្រែក សម្រាប់បង្កបង្កើនផលស្រូវប្រដេញទឹកនៅរដូវទឹកស្រកវិញ៖ «ទឹកទន្លេ មេគង្គលើកបានកម្ពស់ប៉ុណ្ណឹងគឺល្អ បានទឹកហូរចូលអាងដែលបានពេញផ្ទៃពោះអាង កន្លែងខ្លះក៏ធ្លាយ កន្លែងខ្លះមិនទាន់ធ្លាយ។ បានចូលបឹងបួដែលយើងមាន ឆ្នាំក្រោយយើងមិនជួបប្រទះបញ្ហាខ្វះទឹកទេ»។
លោកឱ្យដឹងទៀតថា កម្ពស់ទឹកទន្លេមេគង្គដែលល្អសម្រាប់ពលរដ្ឋនៅខេត្តកំពង់ចាម ជាងនេះទៀតគឺមានកម្ពស់ ១៤ម៉ែត្រ ពីព្រោះវាមិនត្រឹមតែអាចហូរចូលបឹងបួប៉ុណ្ណោះទេ ប៉ុន្តែវាគ្របដណ្ដប់លើដីចម្ការរបស់អ្នកស្រុកតាមដងទន្លេ ដើម្បីផ្ដល់ដីល្បាប់ដែលជាដីមានជីវជាតិបន្ថែមសម្រាប់ការធ្វើ ចម្ការរបស់ពួកគាត់។
យ៉ាងនេះក៏ដោយ លោកថា ទឹកទន្លេមេគង្គបានហក់ឡើងប៉ុន្មានថ្ងៃនេះ ធ្វើឱ្យផ្ទះសម្បែងរបស់ពលរដ្ឋរស់នៅជាប់ដងទន្លេក្នុងស្រុកចំនួន៤ នៅខេត្តកំពង់ចាម បាក់ស្រុត ដោយសារការបាក់ច្រាំងទន្លេ រួមមានស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ហើយត្រូវរុះរើផ្ទះចេញចំនួន ៦ខ្នង ប៉ុន្តែមិនមានអ្នករងគ្រោះទេ ក្នុងនោះអាជ្ញាធរបានប្រើកម្លាំងជួយរុះរើ និងសាងសង់ជម្រកថ្មីជាបណ្ដោះអាសន្នជូនពលរដ្ឋជាដើម។
លោក ជីម លាវ បញ្ជាក់ថា អាជ្ញាធរត្រៀមផ្ដល់ស្រូវពូជមួយចំនួនដល់ប្រជាកសិករ សម្រាប់ធ្វើស្រែប្រដេញទឹក ហើយពួកគាត់នៅតែបន្តតាមដានស្ថានភាពទឹកទន្លេមេគង្គបន្ថែមទៀត៕
0 comments:
Post a Comment