Sponsor

Saturday, June 4, 2016

វិធី​បណ្តេញ​ខ្យល់​ចេញពី​ក្នុង​ពោះ​កូន​ពេល​កូនតូច​ចុក​ឆ្អល់​


    កូនតូចៗស្រែកយំ​គឺជា​និមិត្តសញ្ញា​ដើម្បី​ប្រាប់​ឱ្យ​យើង​ដឹងថា គេ​កំពុងមាន​អារម្មណ៍​យ៉ាងណា ត្រូវការ​អ្វី និង​ពេល​យើង​សង្កេតមើលជារឿយៗ  និង​ចាប់ផ្តើម​ស៊ាំ​ធ្លាប់​ជាមួយ​កូនតូច​ហើយ​នោះ
យើង​នឹង​អាច​តបស្នង​តម្រូវការ​របស់​កូនតូច​បាន​ត្រូវ​នឹង​បញ្ហា និង​ដឹងថា​កូនតូចនឹង​ស្រែកយំ​ក្នុង​លក្ខណៈ​ខុសប្លែក​ពីគ្នា​ទៅតាម​អាការ។ បើ​កូន​ស្រែកយំ​ហើយ  អ្នក​ម្តាយ​លើក​ព​លួង​ឱ្យ​បៅដោះ​ក៏​មិន​ព្រម​បៅ យំ​ឡើង​រឹងខ្លួនដៃជើង​ប្រឹង​ឡើង-ង បើ​យកដៃ​ស្ទាប​ក្បាលពោះ​កូន​នឹង​ដឹងថា​ក្បាលពោះ​កូន​ឡើង​រឹង​នោះ បញ្ជាក់ថា​កូន​ឈឺពោះ​ហើយ។ មូលហេតុ​របស់អាការ​ឈឺពោះ​នៅលើ​ក្មេងតូចៗដែល​ជួបប្រទះ​ញឹកញាប់​នោះ​គឺ   មាន​ខ្យល់​នៅក្នុង​ពោះ  ឬ​ហើមពោះ ជា​អាការ​ប្រក្រតី​ដែល​លោកឪពុក​អ្នក​ម្តាយអាច​សម្រាល​អាការ​នេះ​ឱ្យ​កូនតូច​ បាន។
    ការពារ​មុនពេល​កូន​ឈឺ : ក្រោយ ​បំបៅ​ដោះ​កូន​ហើយ​គ្រប់ពេល  អ្នក​ត្រូវ​ពកូន​ឡើង  ដើម្បីឱ្យ​កូន​ភើ​ការពារ​អាការ​ណែន​ពោះ ដោយ​ត្រូវព​តាម​វិធី​ឱ្យ​ក្បាល​កូន​ទ្រោប​លើ​ស្មា​អ្នក​ម្តាយ     ហើយ​អង្អែល​ខ្នងស្រាលៗ​ជា​រឿយៗ​រហូត​​ទាល់តែ​កូនតូច​ភើ​ចេញមក ឬ​ឱ្យ​កូន​អង្គុយ​លើ​ភ្លៅក្នុង​លក្ខណៈ​បែរ​ចំហៀង​ដាក់​អ្នក​ម្តាយ ដៃ​ម្ខាង​របស់​អ្នក​ម្តាយ​ប្រគងចង្កា និង​ក្បាល​កូន​ឱ្យ​ជាប់ ដៃ​ម្ខាង​ទៀត​ក៏​អង្អែល​ខ្នង​កូនស្រាលៗរហូត​ទាល់តែ​កូនតូច​ភើ ឬ​ផោម​ចេញមក។ ក្មេង​ខ្លះ​ប្រើពេល​មិនយូរប៉ុន្មាន​ក៏​ភើ​ទៅហើយ តែ​ក្មេង​ខ្លះទៀត​អ្នក​ម្តាយ​អាច​ត្រូវ​ព ឬ​ចាំ​ឱ្យ​ភើ​រហូតដល់​ទៅ15នាទី​ឯណោះ ដែល​នេះ​គឺជា​រឿង​ធម្មជាតិ​របស់ក្មេងម្នាក់។
    កូនបៅ​ទឹកដោះ​ម្តាយ ៈ ត្រូវ​ព​ឱ្យ​កូន​បៅដោះ​ម្តាយ​ឱ្យ​ត្រឹមត្រូវតាម​វិធី ឱ្យ​កូន​ហារ​មាត់​ឱ្យ​ធំ​ល្មម​នឹង​បៀម​ក្បាលដោះ​ជញ្ជក់ ដើម្បី​ការពារ​កុំឱ្យ​កូន​បឺត​ខ្យល់​ចូលទៅក្នុង​ពោះ ហើយ​កូន​ក៏​នឹង​បានទទួល​ទឹកដោះ​ម្តាយ​យ៉ាង​ពេញលេញ​ដែរ។
    កូនបៅ​ទឹកដោះគោ ៈ ត្រូវ​រៀបចំ​ឥរិយាបទ​ឱ្យ​កូនបៅ​ឱ្យបាន​ត្រឹមត្រូវ  ទឹកដោះ​ត្រូវតែ​ពេញ​ដល់​ក្បាល​ជញ្ជក់​ជានិច្ច មិន​ដូច្នោះ​ទេ​កូននឹង​បឺត​ខ្យល់​ចូលទៅក្នុង​ពោះ​ច្រើន​មិន​ខាន និង​គួរ​ជ្រើសរើស​ក្បាល-ដោះ​ឱ្យមាន​ខ្នាត​សមល្មម​នឹង​អាយុ​កូន ដើម្បី​កុំឱ្យ​ទឹកដោះ​ហូរ​ចេញយឺត ឬ​លឿន​ជ្រុល​ពេក។
    អ្នក​ម្តាយ​ដែល​បំបៅ​ដោះ​កូន ៈ ព្យាយាម​ទទួលទាន​អាហារ​ណាដែលមាន​ខ្ញី ព្រោះ​ខ្ញី​មានគុណ​សម្បត្តិ​ក្នុងការ​បណ្តេញ​ខ្យល់​បានល្អ ដែល​គុណសម្បត្តិ​នេះ​នឹង​បញ្ជូនបន្ត​តាមរយៈ​ទឹកដោះ​ម្តាយ​ទៅក្នុងខ្លួន​កូន​ ហ្នឹងឯង។
    ធ្វើ​ម៉ាស្សា​ពោះ​ឱ្យ​កូន ៈ ដោយ​ការដាក់​កូន​ឱ្យ​គេង​ផ្ងារ ហើយ​ធ្វើម៉ាស្សា​ជា​រង្វង់​លើ​បរិវេណ​ក្បាលពោះ ដោយ​ស្មាន​ទម្ងន់ដៃ​មិនឱ្យ​ស្រាលពេក ឬ​ធ្ងន់​ពេក និង​ជ្រើសរើស​ធ្វើ​នៅពេលដែល​កូន​មាន​អារម្មណ៍ល្អមិនគួរ​ធ្វើ​នៅពេលដែល​កូន​ ឃ្លាន ឬ​ក្រោយពេល​បំបៅ​ទឹកដោះ​ហើយនោះទេ។ បើ​ឃើញថា​កូន​ស្រែកយំ​ព្រោះ​ឆ្អល់ពោះ ឬ​មាន​ខ្យល់​នៅក្នុង​ពោះ​ច្រើនក៏មាន​វិធី​កែខៃ​ដូចគ្នា ៖
    •  ពកូន​ក្នុង​ឥរិយាបទ​ដែលសប្បាយៗ ដើម្បី​ជួយ​បណ្តេញ​ខ្យល់​ក្នុង​ក្រពះ​ចេញ។
    •  លាប​ប្រេងកូឡា ឬ​ឱសថ​បុរាណ​ណា​ដែលមាន​ធាតុ​ផ្សំ​របស់​មើម​ខ្ញី​នៅលើ​ពោះ​របស់​កូន ដើម្បី​បណ្តេញ​ខ្យល់​ក្នុង​ពោះ​កូនតូច។
    • បញ្ចុក​ថ្នាំ​បណ្តេញ​ខ្យល់​សម្រាប់​ទារក(តែ​គួរ​ប្រឹក្សា​ជាមួយ​ លោកគ្រូពេទ្យ​ជាមុន​ថា តើ​ទម្ងន់​ខ្លួន​កូន​ប៉ុណ្ណឹង គួរឱ្យ​ញ៉ាំ​ប៉ុន្មាន​ទើប​ជាការប្រសើរ)។
    •  បើ​លើ​កព​ហើយ​នៅតែ​មិន​បាត់​យំ​ទៀត សាកល្បង​ឱ្យ​កូន​គេងមួយស្របក់ ហើយ​សឹម​លើក​ព​ម្តងទៀត វិធី​នេះ​អាចជួយ​ឱ្យ​កូន​ភើបាន​កាន់តែ​ងាយ​ឡើង។
    •  ដាក់​កូន​ឱ្យ​គេង​ផ្ងារ ហើយ​ចាប់ជើង​កូន​ឡើង​ក្នុង​ឥរិយាបទ​ដូចធាក់​កង់ ឬ​ប​ញ្ជុ​ច​ជង្គង់​កូន​ហើយ​រុញតិចៗឱ្យ​ទៅជិត​ក្បាលពោះ តែត្រូវធ្វើ​ដោយថ្នម។
    •  បើ​កូន​ស្រែកយំ​រាល់ថ្ងៃ​ក្នុងពេល​តែមួយ កូន​អាច​នឹង​ចូលក្នុងចំណោម​អាកា​រយំ100ថ្ងៃ ឬ​យំ​ខូ​លិ​ក បើ​កូន​មាន​អាការ​បែបនេះ​អ្នកម្តាយ​ត្រូវ​ប្រើ​ភាព​អត់ធ្មត់​ខ្លាំងណាស់​ ក្នុង​ការជួយ​សម្រាល​អាការ​របស់កូន ត្រូវធ្វើ​ចិត្តត្រជាក់ៗ និង​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ។
    •  បើ​កូន​ស្រែកយំ​ខុស​ប្រក្រតី ដូចជា ស្រែកយំ​វ៉ាស​ឡើង ស្រែកយំឡើង​គាំង ដៃជើង​ត្រជាក់ ស្លេកស្លាំង ចូរ​កុំ​ព្រងើយ​ត្រូវ​ប្រញាប់​នាំកូនតូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ព្រោះ​អាច​កើត​សភាវ​ឈឺពោះផ្សេងទៀត​ដូចជា រមួល​ពោះវៀន​ដែលជា​សភាវ​គ្រោះថ្នាក់​ណាស់សម្រាប់​ក្មេង​តូច៕

0 comments: