Sponsor

Friday, October 7, 2016

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី១]





នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បាន
ទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។
លុះចូលដល់វ័យល្មមនឹងសិក្សាបានកុមារ ញូង ត្រូវបានឪពុកម្តាយ យកទៅឱ្យរៀនសូត្រក្នុងសលោកម្នាក់ គ្រូចៅអធិការវត្តភ្នំ។ ស្លេះសេចក្តីប៉ុណ្ណឹងចុះ នឹងនិយាយអំពីព្រះបាទចក្រព័ត្របន្តិចសិន។
កាលដែលព្រះបាទស័ង្ខចក្រ ឬ ស្តេចគំលង់ ព្រះមហាក្សត្រខ្មែរ ទី១៥ ចូលទីវង្គត ទៅ ព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម ចក្រព័ត្របានឡើង សោយរាជសម្បតិ្ត គ្រប់គ្រងប្រទេសកម្ពុជាបន្តពី ព្របិតាក្នុងព្រះជន្ម២១វស្សា។
ពិធីអភិសេកព្រះចក្រព័ត្រជាព្រះមហាក្សត្របានប្រារព្ធយ៉ាងឱឡារិកនៅថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំ វក ព.ស ១៥១៦ ត្រូវជា គ.ស៩៧២ ។ ព្រះអង្គជាស្តេចខ្មែរទី ១៦ហើយ មានព្រះរាជបរមនាមថា ព្រះបាទសម្តេចព្រះចក្រពត្រាធិរាជមរមបពិត្រ។ ព្រះអង្គគង់នៅព្រះបរម រាជវាំងមហានគរដដែល។
ព្រះបាទចក្រព័ត្រ មានព្រះរាជាបុត្រពីរព្រះអង្គ។ បុត្រច្បង ព្រះនាមបទុមកុមារ ប្រសូត្រ នៅឆ្នាំវក និង ព្រះរាជបុត្របន្ទាតប់ព្រះនាមសិរីកុមារ ប្រសូត្រនៅ ឆ្នាំរកា។ ជាមួយគ្នានេះអ្នកម្នាងកែវ ត្រូវជាមហេសីម្នាក់ទៀតរបស់ស្តេចចក្រព័ត្រ ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ត្រូវជាគ.ស ១០០០។ សម័យមួយព្រះរាជាបានចេញបញ្ជាឱ្យនាម៉ឺន សព្វមុខមន្ត្រីកេណ្ឌ ប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ ឱ្យមកកាប់ឈើជញ្ជូនថ្ម សាងសង់ព្រះបរមរាជវាំង និង បាចទឹកសំអាត ស្រះ អូរប្រឡាយតូចធំក្នុងព្រះនគរ។ ក្នុងចំនោមប្រជាជនកំណែន ទាំងនោះគេឃើញមានបុរសម្នាក់មាឌមាំរាងធំ សម្បុរខ្មៅ ឈ្មោះនាយញូង។ នាយញូងត្រូវចៅហ្វាយខេត្តចាត់ឱ្យធ្វើជាមេរយពួកកំណែន ហើយបញ្ជូនទៅបំពេញការងារឯមហានគរ ។ ក្រុមរបស់នាយក្រញូង ត្រូវគេបង្គាប់ឱ្យទៅ កាប់ឈើ និង ជញ្ជូនថ្ម នៅជើងភ្នំដងរែក។ ក្រុមកំណែនខ្លះទៀត ក៏មានទៅធ្វើការឯភ្នំគូលែនដែរ។
ព្រឹត្តការណ៏កំណែន នេះ បានធ្វើឱ្យប្រជាជនខ្មែរទាំងប្រុស ទាំងស្រី ខឹងសម្បាក្តៅក្រហាយគ្រប់ៗគ្នា។ គឺដោយសារខ្លាចអំណាចស្តេច ខ្លាចទទួលទោសពៃរ៏ ម្ល៉ោះហើយ ម្នាក់ៗចេះតែខាំមាត់សង្កត់ធ្មេញ គោរពធ្វើតាមតែបញ្ជាទៅ។
ថ្ងៃមួយនាយញូង ត្រូវដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារ សំរាប់សមាជិកក្រុមកំណែនឯទៀត ដែលទៅបំពេញភារកិច្ច។ វេលាដាំបាយឆ្អិនកាលណា នាយញូងរកអ្វី មិនបានមកជ្រួយបាយ ក៏ងាកឆ្វេងស្តាំ ស្រាប់តែក្រឡេកឃើញមែកដើមរកាខ្មៅ។ នាយញូងក៏ឈោងចាប់យកមែកដើមរកាខ្មៅនេះមកជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជា ខ្មៅវិញ ដោយក្តីហេវហត់ និង ឃ្លានផងនាយញូង ក៏បរិភោគ បាយពណ៌ខ្មៅនោះ ទាល់តែអស់ពីខ្ទះ។ បន្ទាប់មកនាយញូងក៏ចាប់ផ្តើម ដាំបាយថ្មីសំរាប់សមាជិក កំណែនឯទៀត។តែម្តងនេះដល់ពេល នាយញូងរកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ ស្រាប់តែមែកឈើនោះ បាត់ស្រមោល រកមិនឃើញ។ មែកដើមរកាខ្មៅ ដែលបាននោះ គេមិនដឹងឡើយថា ជាអន្តរាគមន៏របស់ទេវតាឬ ខ្មោចអារក្សយកមកដាក់ ហើយលាក់បំបាំងវិញ! ប៉ុន្តែបើតាម ពង្សាវតារវត្តទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្តាលបាន សរសេរកត់ត្រាទុក មកថា ដោយគុណបុណ្យបារមីនាយញូងនឹង ត្រូវបានធ្វើជាស្តេច ទើបបានជាទេវតាមកដាក់បណ្តុះ ឱ្យមានដើមរកាខ្មៅ ដុះនៅចំកណ្តាលកន្លែងដែលពួកកំណែនរបស់នាយញូង ត្រូវមកបោះជំរុំតាំងទីយ៉ាងដូច្នេះ។
គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្តើមមានកម្លាំងខ្លាំងក្លា កើតឡើងប្រឺសៗ ជាលំដាប់ដោយមិនដឹងខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយទើប នាយដឹងថាមានកំលាំងខ្លាំងអស្ចារ្យស្មើរនឹង ដំរីសារប្រាំពីរ។ នាយញូងអាចពត់កាច់និង ដកដើមឈើទាលបានយ៉ាងងាយស្រួលមិនបាច់ខំ។ ក្រុមកំណែនទាំងអស់កាលបើឃើញមហិទ្ធិរិទ្ធិបារមី នាយញូង សមាជិកកំណែនទាំងនោះ ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗយល់និង ជឿថានាយញូង ជាតួអង្គព្រះបាទធម្មិកដែលយាងចុះមកចាប់កំនើតជាមនុស្សលោក ដើម្បីស្រោចស្រង់ និងលើកស្ទួយតម្កើងព្រះពុទ្ធសាសនា។ ប្រជាជនកំណែន ទាំងនោះនាំគ្នាសុំចុះចូលបំរើ នាយញូង ហើយសុំតែងតាំងឱ្យឡើងធ្វើជាស្តេច។



 ​​​​                                                                                                                                                                  


សូមចុចទីនេះអានបន្ត ប្រវត្តិលោកតាដំបងក្រញូង [ភាគទី២]

0 comments: